ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើមហាអំណាចចិន ដើរតួនាទីក្នុងទំនាក់ទំនងអន្ដរកូរ៉េ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានថ្លែងអំណរគុណ ចំពោះរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ហើយបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោក នឹងមិនបញ្ឈប់ការឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅលើឧបទ្វីបនោះទេ។

លោកមូន បានប្រាប់លោកវ៉ាង យី នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំថា “រដ្ឋាភិបាលរបស់យើង នឹងមិនបញ្ឈប់ការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការនៅឧបទ្វីបកូរ៉េ និងសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពជាអចិន្ត្រៃយ៍រួមជាមួយសហគមន៍អន្តរជាតិរួមទាំងប្រទេសចិន” ។ ដែលតាមមើលទៅលោកសំដៅទៅលើសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ដែលបានបញ្ចប់ដោយបទឈប់បាញ់មិនមែនសន្ធិសញ្ញាសន្តិភាពនោះទេ។

ប្រធានាធិបតីបានថ្លែងអំណរគុណចំពោះប្រទេសចិន ចំពោះ“ តួនាទី និងកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនា” របស់ខ្លួនរហូតមកដល់ពេលនេះនៅក្នុងដំណើរការសន្តិភាពកូរ៉េ។

បន្ទាប់មកលោកបានស្នើសុំឱ្យលោកវ៉ាង យី ដែលជាសមាជិកក្រុមប្រឹក្សារដ្ឋផងដែរ ឲ្យដើរតួនាទីជាច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងសេអ៊ូល – ប៉េកាំង និងទំនាក់ទំនងអន្តរកូរ៉េ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top