បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់ បានថ្លែងបន្ទោសចំៗ ទៅលើអ៊ីស្រាអ៊ែលថា គឺជាអ្នកនៅពីក្រោយ នៃផែនការធ្វើឃាត ទៅលើអ្នកវិទ្យសាស្ត្រ កំពូលផ្នែក នុយក្លេអ៊ែរម្នាក់របស់ខ្លួន កាលពីថ្ងៃសុក្រ។
ប៉ុន្តែតាមសេចក្តីថ្លែងការណ៍ដដែល លោកប្រធានាធិបតី Hassan Rouhani ក៏បានបញ្ជាក់ដែរថា វានឹងមិនអាចធ្វើឲ្យ កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសធ្លាក់ល្បឿននោះដែរ ហើយបានទាំងអំពាវនាវ ឲ្យមេដឹកនាំយោធារបស់ខ្លួន ធ្វើការសងសឹង ចំពោះហេតុការណ៍មួយនេះ។
មកដល់ពេលនេះ អ៊ីស្រាអ៊ែល មិនបានចេញសេចក្តីថ្លែងការណ៍ ណាមួយឆ្លើយតបទៅនឹង ការចោទប្រកាន់នេះដែរ ប៉ុន្តែកន្លងមកគេបានដឹងថា អ៊ិស្រាអ៊ែល តែងតែធ្វើការចោទប្រកាន់ថា បុរសអ្នកវិទ្យាសាស្ត្ររូបនេះ គឺជាមនុស្សដ៏សំខាន់ នៅពីក្រោយកម្មវិធី អាវុធនុយក្លេអ៊ែររបស់អ៊ិរ៉ង់។
គួរឲ្យដឹងថាកាលពីថ្ងៃសុក្រម្សិលមិញ លោក Fakhrizadeh អ្នកវិទ្យាសាស្ត្រកំពូល របស់អ៊ីរ៉ង់ ត្រូវបានគេធ្វើឃាត នៅក្នុងរថយន្តរបស់គាត់ ដោយខ្មាន់កាំភ្លើង នៅក្នុងតំបន់ Absard ភាគខាងកើត នៃទីក្រុងតេហរ៉ង់៕ ប្រែសម្រួល៖ស៊ុនលី