បរទេស៖ នាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក USS Nimitz តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ ត្រូវបានបញ្ជូនទៅកាន់តំបន់ឈូងសមុទ្រ គឺតែប៉ុន្មានថ្ងៃ មុនមានការសម្លាប់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែអ៊ីរ៉ង់ ប៉ុន្តែទ័ពជើងទឹកអាមេរិក បាននិយាយនៅថ្ងៃសៅរ៍នេះថា ការបញ្ជូនទៅនេះ គឺមិនពាក់ព័ន្ធនឹងការគម្រាមកំហែង ជាក់លាក់ណាមួយនោះទេ។
លោកស្រីមេបញ្ជាការ Rebecca Rebarich ជាអ្នកនាំពាក្យ ឲ្យកងនាវាលេខ៥ មានមូលដ្ឋាននៅក្នុងប្រទេសបារ៉ែន បាននិយាយក្រោយនាវានោះ ត្រូវបញ្ជូនទៅកាលពីថ្ងៃពុធថា គ្មានការគម្រាមកំហែងជាក់លាក់ ដែលបណ្ដាលឲ្យក្រុមវាយប្រហារ នៃនាវាផ្ទុកយន្តហោះ Nimitz វិលត្រឡប់មកវិញនោះទេ។
ប៉ុន្តែការបញ្ជូនត្រឡប់មកវិញនេះ គឺពាក់ព័ន្ធទៅនឹង ការកាត់បន្ថយទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតប ចំពោះការគម្រាមកំហែងណាមួយ និងទប់ស្កាត់មិនឲ្យបច្ចាមិត្តណាមួយ ធ្វើសកម្មភាពប្រឆាំងកងទ័ពអាមេរិក នៅក្នុងអំឡុងកាត់បន្ថយកម្លាំងនេះ។
គួរបញ្ជាក់ថា លោក Mohsen Fakhrizadeh ជាអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់មួយរូប ដែលលោកខាងលិចសង្ស័យថា ជាមេគំនិតរៀបចំ កម្មវិធីគ្រាប់បែកនុយក្លេអ៊ែសម្ងាត់នោះ ត្រូវបានគេសម្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា ដោយអាវុធមួយ ជិតទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ បង្កឲ្យមានការប្តេជ្ញាសងសឹង ពីថ្នាក់ដឹកនាំអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង