ព័ត៌មានអន្តរជាតិ

អាមេរិក ចោទប្រកាន់ចិន ពីបទបំពានទណ្ឌកម្ម អន្តរជាតិ លើកូរ៉េខាងជើង

បរទេស ៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប្រទេសចិន នៅថ្ងៃអង្គារសប្ដាហ៍នេះ ពីបទរំលោភបំពានកាតព្វកិច្ចរបស់ខ្លួន ក្នុងការអនុវត្តទណ្ឌកម្ម អន្តរជាតិ លើប្រទេសកូរ៉េខាងជើង និងបានផ្តល់រង្វាន់ជាទឹកប្រាក់ ដល់ទៅ៥លានដុល្លារ សម្រាប់ព័ត៌មាន ស្តីពីការគេចវេសពីទណ្ឌកម្ម ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Alex Wong បានចោទប្រទេសចិន ពីបទស្វះស្វែងមិនធ្វើតាមទណ្ឌកម្ម អង្គការសហប្រជាជាតិ ដែលមានគោលដៅជំរុញឲ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែ ហើយជាការឆ្លើយតប លោកបានព្រមានអំពីទណ្ឌកម្មអាមេរិកថ្មី លើបុគ្គលនិងអង្គភាពនានា នៅក្នុងប្រទេសចិនផងដែរ ។

លោក Alex Wong បានមានប្រសាសន៍ថា ប្រទេសចិនបានបន្តទទួលយកពលករកូរ៉េខាងជើងតិចបំផុត២០.០០០នាក់ ដែលនោះគឺជាការរំលោភបំពាន បម្រាមអង្គការសហប្រជាជាតិ និងថា ក្នុងពេលមួយឆ្នាំកន្លងទៅ សហរដ្ឋអាមេរិក បានសង្កេតឃើញមាននាវាដឹកធ្យូងថ្ម ដែលគេហាមឃាត់ ឬក៏ទំនិញស្ថិតក្រោមទណ្ឌកម្មផ្សេងទៀត ពីប្រទេសកូរ៉េខាងជើង ទៅប្រទេសចិន មានចំនួនដល់ទៅ៥៥៥ដងផ្សេងៗគ្នា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top