បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ បានឱ្យដឹងថា ប្រជាជនថៃចំនួន ១៣ លាននាក់ នឹងត្រូវបានចាក់វ៉ាក់សាំង ដើម្បីការពារជំងឺ កូវីដ-១៩ ដោយមិនគិតថ្លៃ នៅពាក់កណ្តាលឆ្នាំ ២០២១ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងសុខាភិបាល សាធារណៈថៃ លោក Kiattiphum Wongrajit បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បានបញ្ជាទិញជាមុននូវវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន ២៦ លានដូសពីក្រុមហ៊ុន AstraZeneca ដើម្បីផ្តល់ឱ្យប្រជាជនថៃចំនួន ១៣ លាននាក់ ឬពាក់កណ្តាលនៃប្រជាជនថៃទាំងអស់ សម្រាប់ពាក់កណ្តាលឆ្នាំក្រោយ ។
លោកបានបន្ថែមទៀតថា វ៉ាក់សាំងដែលផ្តល់ ដោយរដ្ឋាភិបាលភាគច្រើន នឹងមិនត្រូវបានគិតថ្លៃនោះទេ ប៉ុន្តែថ្នាំមួយចំនួនដែលលក់ ដោយអ្នកផ្គត់ផ្គង់ឯកជន អាចចំណាយថវិកាមួយចំនួន ។
វ៉ាក់សាំងទាំងអស់ នឹងត្រូវបានចុះបញ្ជី និងត្រួតពិនិត្យដោយនាយកដ្ឋាន វិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដើម្បីធ្វើតេស្តសុវត្ថិភាពរបស់ពួកគេ។
លោក Opas Karnkawinpong អគ្គនាយកស្តីទី នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា មន្ទីរពេទ្យជាង ១០ ០០០ កន្លែង នឹងជួយក្នុងការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ខណៈក្រុមបឋមដើម្បីទទួលការចាក់ថ្នាំ ត្រូវបានកំណត់តាមការសំរេចចិត្ត របស់គ្រូពេទ្យ៕
ប្រែសម្រួលៈ ណៃ តុលា