ព័ត៌មានអន្តរជាតិ

អង់គ្លេស ត្រៀមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Pfizer ទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្ដិសាស្រ្ត ប្រទេសរបស់ខ្លួន

ឡុងដ៌៖ ប្រទេសអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ ដែលបានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិកឈ្មោះ Pfizer Inc និងដៃគូអាឡឺម៉ង់ BioNTech SE ។

 នៅក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា“ រដ្ឋាភិបាលបានទទួលយកអនុសាសន៍ ពីទីភ្នាក់ងារឯកទេសថ្នាំ និងថែទាំសុខភាពឯករាជ្យ (MHRA) ក្នុងការអនុម័តលើវ៉ាក់សាំងការពារសុខភាពរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់ ការពារជំងឺឆ្លងកូវីដ-១៩”។

 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា រដ្ឋាភិបាលរបស់លោកនឹងចាប់ផ្តើមចាក់វ៉ាក់សាំងធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។

លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា សេវាកម្មសុខភាពជាតិ បាននិងកំពុងរៀបចំ សម្រាប់កម្មវិធីធំបំផុតនៃការចាក់ថ្នាំបង្ការរោគដ៏ធំមួយ នៅក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស ហើយនោះនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top