ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសៅរ៍ ប៉ូលិសក្រុងប៉ារីស បានធ្វើការចាប់ខ្លួនចំនួន២២នាក់ បន្ទាប់ពីផ្ទុះអំពើហិង្សា នៅក្នុងពេលធ្វើបាតុកម្មមួយប្រឆំាងនឹងច្បាប់ និងអំពើឃោរឃៅរបស់ប៉ូលិស ។
ទូរទស្សន៍ BFM TV បានផ្សាយអំពីរថយន្តជាច្រើនគ្រឿង និងរបាំងការពារ ត្រូវបានគេដុត នៅក្នុងស្រុក Gambetta ភាគខាងលិចក្រុងប៉ារីស ។ បង្អួចមួយចំនួន ក្នុងនោះរាប់ទំាង នៅផ្សារទំនើបមួយកន្លែង និងធនាគារចំនួន០១កន្លែងត្រូវបានរងការខូចខាត ។
ខ្សែវីដេអូ ក៏បានបង្ហាញ អំពីមនុស្សមួយចំនួន ដែលបានពាក់ម៉ាស់មុខ បានគ្រវែងវត្ថុផ្សេងៗទៅលើប៉ូលិស ខណៈដែលពួកគេបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ឆ្លើយតបទៅនឹងក្រុមបាតុករ ។
ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពលរដ្ឋប្រមណ៤០០ ដល់ទៅ៥០០នាក់ បាននាំគ្នាធ្វើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ហើយប៉ូលិសបានធ្វើការចាប់ខ្លួន មនុស្សចំនួន២២នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅបុប្ផាមករា