បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា នាវាផ្ទុកយន្តហោះជំនាន់ថ្មី របស់ប្រទេសបារាំង នឹងប្រតិបត្តិការ ដោយថាមពលនុយក្លេអ៊ែ និងចូលមកជំនួសតំណែងនាវាចម្បាំង Charles de Gaulle របស់កងនាវាជាតិ នៅក្នុងឆ្នាំ២០៣៨ ។
ចំណែកមន្ត្រីបារាំង បាននិយាយប្រាប់ថា នាវាផ្ទុកយន្តហោះទី១១ក្នុងប្រវត្តិសាស្ត្រទ័ពជើងទឹកបារាំង នឹងត្រូវកសាងផលិត ដោយក្រុមហ៊ុនការពារជាតិបារាំង Naval Group និងបំពាក់ដោយប្រព័ន្ធនាំដំណើរ ការយន្តហោះអេឡិកត្រូម៉ាញ៉េទិក អភិវឌ្ឍបង្កើតឡើង ដោយក្រុមហ៊ុនអាមេរិក General Atomics ។
គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះថ្មីរបស់បារាំងនេះ តាមសេចក្តីរាយការណ៍ នឹងមានប្រវែង៣០០ម៉ែត្រ និងមានទម្ងន់៧៥.០០០តោន ហើយវាមានសមត្ថភាពផ្ទុកយន្តហោះចម្បំាង Rafale ឬក៏ជំនាន់ក្រោយ របស់យន្តហោះចម្បាំង ដែលបច្ចុប្បន្ន កំពុងតែអភិវឌ្ឍដោយបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ បានដល់ទៅ៣០គ្រឿង ៕
ប្រែសម្រួល៖ប៉ាង កុង