តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានផ្ញើលិខិតគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីរៀបចំវ៉ាក់សាំង ដល់អត្តពលិក ចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូដែលត្រូវបានពន្យារពេល នៅឆ្នាំក្រោយយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
លិខិតនោះស្ថិតនៅខាងក្រោម ឈ្មោះលោកនាយករដ្ឋមន្រ្តី Yoshihide Suga ត្រូវបានបញ្ជូនទៅសម្ព័ន្ធភាព វ៉ាក់សាំងសកល ឯកជនសាធារណៈ Gavi ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ កាលពីខែវិច្ឆិកាមុនពេលរដ្ឋាភិបាល អង់គ្លេស អនុម័តវ៉ាក់សាំងដំបូង ។
ប្រទេសជប៉ុនកំពុងគាំទ្រ បំណងប្រាថ្នារបស់IOCសម្រាប់ការចាក់វ៉ាក់សាំង ដល់អត្តពលិក និងមន្រ្តីមកពីប្រទេស កំពុងអភិវឌ្ឍន៍ ។ កាលថ្ងៃទី១៦ ខែវិច្ឆិកានៅទីក្រុងតូក្យូ លោកThomas Bach ប្រធានIOCបាននិយាយទាក់ទងទៅនឹងព្រឹត្តិការណ៍ អូឡាំពិកឆ្នាំក្រោយថា លោកចង់បានអ្នកចូលរួមឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីចាក់វ៉ាក់សាំង។
IOC ហាក់ដូចជាកំពុងធ្វើការឆ្ពោះទៅរក ការបង្កើតក្របខណ្ឌជាមួយអង្គការ ពាក់ព័ន្ធដទៃទៀត ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង ។
Gaviនឹងលើកកម្ពស់សុខភាពពិភពលោក តាមរយៈការផ្តល់វ៉ាក់សាំង ដល់ប្រទេសកំពុង អភិវឌ្ឍន៍ បច្ចុប្បន្នកំពុងធ្វើការ ជាមួយអង្គការសុខភាពពិភពលោក ក្នុងចំណោមគម្រោងដទៃទៀត នៅលើគម្រោងវ៉ាក់សាំង ការពារមេរោគ COVAX ។
ប្រទេសជប៉ុនបានបរិច្ចាគថវិកា ដល់ក្របខណ្ឌនេះ ដែលប្រទេសជឿនលឿនផ្នែកបច្ចេកវិទ្យា ចូលរួមចំណែកក្នុងការបង្កើតវ៉ាក់សាំង អាចចែកចាយដល់ ប្រទេសកំពុងអភិវឌ្ឍន៍។ លោក Bach បានចង្អុលបង្ហាញកាលពីខែមុនថា IOC កំពុងពិចារណាលើការចំណាយ លើការចាក់វ៉ាក់សាំងអត្តពលិក និងមន្ត្រីសម្រាប់ការប្រកួតគ្រោង នឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ ៕ដោយ៖លី ភីលីព