វ៉ាស៊ីនតោន៖ សេតវិមានអាមេរិក នៅថ្ងៃអង្គារម្សិលមិញនេះ បានស្នើកញ្ចប់ជំនួយសង្គ្រោះថ្មីដែលមានទឹកប្រាក់ចំនួន ៩១៦ ពាន់លានដុល្លារអាមេរិក សម្រាប់ជំងឺកូវីដ-១៩ ដល់សភា ខណៈសេដ្ឋកិច្ចសហរដ្ឋអាមេរិក ប្រឈមនឹងហានិភ័យ នៃការធ្លាក់ចុះសេដ្ឋកិច្ចទ្វេដង។
រដ្ឋលេខាធិការក្រសួងរតនាគារ សហរដ្ឋអាមេរិកលោក Steven Mnuchin បានថ្លែងនៅល្ងាច ថ្ងៃអង្គារម្សិលមិញនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីបានបង្ហាញសំណើរទៅកាន់ ប្រធានសភាប្រជាធិបតេយ្យ លោកស្រី Nancy Pelosi ថា “សំណើរនេះរួមមានប្រាក់ សម្រាប់រដ្ឋាភិបាល រដ្ឋ និងមូលដ្ឋាន និងការការពារទំនួលខុសត្រូវដ៏រឹងមាំ សម្រាប់អាជីវកម្ម សាលារៀន និងសាកលវិទ្យាល័យ” ។
លោក Mnuchin បានលើកឡើងថា លោកក៏បានពិនិត្យមើលសំណើ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំសមាជគណបក្សសាធារណរដ្ឋផងដែរ។
លោកបានបញ្ជាក់ថា “ ខ្ញុំទន្ទឹងរង់ចាំទទួលបាននូវកិច្ចព្រមព្រៀងទ្វេភាគី ដូច្នេះយើងអាចផ្តល់ជំនួយសេដ្ឋកិច្ចដ៏សំខាន់នេះ ដល់កម្មករ ក្រុមគ្រួសារ និងអាជីវកម្មរបស់ជនជាតិអាមេរិក” ។
លោក Mnuchin និងលោកស្រី Pelosi បានចរចា កញ្ចប់ជំនួយសង្គ្រោះថ្មីជំងឺកូវីដ-១៩ សម្រាប់រយៈពេលជាច្រើនខែ ប៉ុន្តែមិនបានសម្រេចកិច្ច ព្រមព្រៀងមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា៕
ដោយ ឈូក បូរ៉ា