បរទេស៖នៅថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្ត្រីការពារជាតិបានប្រកាសថា ប្រទេសហ្វីលីពីនទើបតែបានទទួលនូវសម្ភារៈយោធា ដែលមានតម្លៃប្រមាណជា២៩ លានដុល្លារពីសហរដ្ឋអាមេរិក ហើយវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង សមត្ថភាពការពារជាតិ និងប្រឆាំងភេរវកម្មពីខាងក្រៅរបស់ខ្លួន។
គ្រឿងបរិក្ខារយោធាទាំងនោះរួមមានទាំងកាំភ្លើងវែង និងកាំភ្លើងខ្លីប្រឆាំងនឹងគ្រឿងផ្ទុះត្រូវបានប្រគល់ជូនហ្វីលីពីនក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក Christopher Miller ដែលកំពុងបំពេញទស្សនកិច្ចនៅ ក្នុងប្រទេសចំនួនពីរ នៅតំបន់អាស៊ីអាគ្នេយ៍។
រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើទំនើបកម្មរបស់ នៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីននេះ ក៏នឹងអនុញ្ញាតឱ្យយើងឆ្លើយតបកាន់តែមានប្រសិទ្ធិភាពចំពោះ ការគំរាមកំហែងសន្តិសុខ តាមប្រពៃណីនិងមិនប្រពៃណីមកលើដែនសមុទ្រ របស់យើងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី