ព័ត៌មានអន្តរជាតិ

លោក Stephen Biegun ៖ ការទូតនៅតែជាដំណើរការល្អបំផុត និងតែមួយគត់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ អនុរដ្ឋលេខាធិការ សហរដ្ឋអាមេរិកលោក Stephen Biegun បានឲ្យដឹងថា ការទូតនៅតែជាដំណើរ ការល្អបំផុត និងតែមួយគត់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ កូរ៉េខាងជើង ដោយអំពាវនាវឱ្យក្រុងព្យុងយ៉ាង វិលត្រឡប់មករកកិច្ចពិភាក្សាឡើងវិញ។

លោក Stephen Biegun ដែលក្នុងនាមជាប្រេសិតនុយក្លេអ៊ែរកំពូល របស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើការកត់សម្គាល់ក្នុងពេលធ្វើទស្សនកិច្ចមួយនៅទីក្រុងសេអ៊ូល ដោយលើកឡើងវិញនូវការចរចា ដែលមិនទាន់ចប់ជាយូរមកហើយ ជាមួយកូរ៉េខាងជើង ដែលលោកបានកត់សម្គាល់ថា ជាការថយក្រោយ ការខកចិត្ត និងឱកាសខកខាន។

ក្នុងសុន្ទរកថានៅឯវិទ្យាស្ថានស្រាវជ្រាវមូលដ្ឋាន Asan សម្រាប់ការសិក្សាគោលនយោបាយលោកបានលើកឡើងថា“ នៅពេលយើងក្រឡេកមើលទៅអនាគត ខ្ញុំនៅតែជឿជាក់ថា ការទូតនៅតែជាដំណើរដ៏ល្អបំផុត ហើយជាការពិតតែមួយគត់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់យើងជាមួយប្រទេសកូរ៉េខាងជើង” ។

លោកបានបន្ថែមថា “ក្រុងព្យុងយ៉ាង មានព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលនឹងកើតឡើងជាពិសេសសមាជគណបក្សលើកទី៨ នៅក្នុងខែមករា។ យើងលើកទឹកចិត្តយ៉ាងខ្លាំងដល់ប្រទេសកូរ៉េខាងជើង ឱ្យប្រើពេលវេលារវាងពេលនេះ និងបន្ទាប់មក ដើម្បីកំណត់ផ្លូវសម្រាប់ការបន្តការទូត”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top