បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការធ្វើតេស្តសាកល្បង របស់យន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-1B Lancer បានបង្ហាញឲ្យឃើញ នូវសមត្ថភាពរបស់យន្តហោះ ក្នុងការបំពាក់ពីខាងក្រៅ និងបាញ់ចេញនូវគ្រាប់មីស៊ីល។
ការបង្ហាញពីការបាញ់អាវុធ បំពាក់ពីខាងក្រៅ នៅមូលដ្ឋានទ័ពអាកាស Holloman រដ្ឋ New Mexico កាលពីថ្ងៃទី០៤ ខែធ្នូនេះ គឺត្រូវបានធ្វើឡើង ក្រោយការធ្វើតេស្ត ប្រហាក់ប្រហែលគ្នានេះដែរ នៅក្នុងខែវិច្ឆិកា ដែលមានការបំពាក់ដោយមីស៊ីល វាយប្រហារពីអាកាសទៅក្នុងអាកាស ប៉ុន្តែមិនបានសាកល្បងបាញ់ចេញនោះទេ។
មន្ត្រីកងទ័ពជើង អាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការតេស្តសាកល្បងនៅក្នុងខែធ្នូនេះ បង្ហាញឲ្យឃើញថា មីស៊ីលធុនធ្ងន់គ្រប់ប្រភេទ ជាពិសេសនោះ គឺមីស៊ីលលឿនជាងសម្លេង ដែលបច្ចុប្បន្ន ក្នុងស្ថិតក្រោមការអភិវឌ្ឍនោះ អាចបាញ់ចេញពីយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-1B៕ ប្រែសម្រួល៖ប៉ាង កុង

