ព័ត៌មានអន្តរជាតិ

វៀតណាម៖ ចាប់ខ្លួនបុរសម្នាក់ ដែលបានរំលោភក្មេងប្រុស៤នាក់ ក្នុងមជ្ឈមណ្ឌលការពារសង្គម

បរទេស៖ ប៉ូលិសនៅភាគខាងត្បូងខេត្ត Ca Mau ប្រទេសវៀតណាម កាលពីថ្ងៃច័ន្ទ បានឃុំខ្លួនបុរសម្នាក់ ពីបទរំលោភក្មេងប្រុស ៤ នាក់ ដែលស្នាក់នៅជាមួយគាត់ នៅឯមជ្ឈមណ្ឌលគាំពារសង្គមក្នុងតំបន់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Pham Chi Cuong អាយុ ២១ ឆ្នាំ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទ“ រំលោភសេពសន្ថវៈ” និង “ធ្វើបាប លើមនុស្សអាយុក្រោម ១៦ ឆ្នាំ” ។ នេះបើយោងតាមកាសែត Cong Ly ។

ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីបុគ្គលិក នៃមជ្ឈមណ្ឌលគាំពារសង្គម Ca Mau បានដាក់ពាក្យបណ្តឹងទៅប៉ូលិស ក្នុងតំបន់ដោយបានបញ្ជាក់ថា ជនជាប់ចោទរូបនេះ បានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ ម្តងហើយម្តងទៀត ក្នុងការរួមភេទ ដោយមិនយល់ព្រមជាមួយក្មេងប្រុស ដែលគ្មានផ្ទះសម្បែងចំនួន ៤ នាក់ ដែលមានអាយុចន្លោះពី ៨ ទៅ ១៣ ឆ្នាំ នៅខាងក្នុងបន្ទប់ទឹកនិងបន្ទប់បុរស។ ។

លោក Cuong បានសារភាពពីបទឧក្រិដ្ឋរបស់គាត់ នៅឯប៉ុស្តិ៍ប៉ូលិស។

នេះមិនមែនជាករណីដំបូង នៃការរំលោភបំពានផ្លូវភេទ ត្រូវបានគេរកឃើញ នៅមជ្ឈមណ្ឌលគាំពារសង្គម ក្នុងប្រទេសវៀតណាមទេ។ កាលពីខែឧសភា អ្នកគ្រប់គ្រងមណ្ឌលគាំពារសង្គម នៅសង្កាត់ Binh Thanh ក្នុងហូជីមិញ ត្រូវបានកាត់ទោសឱ្យជាប់គុក ៤ ឆ្នាំកន្លះ ពីបទរំលោភបំពានក្មេងស្រី មិនទាន់គ្រប់អាយុ ដែលស្នាក់នៅទីនោះ ក្នុងពេលគាត់ធ្វើការវេនយប់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top