បរទេស៖រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បាននិយាយនៅថ្ងៃអង្គារនេះថា ទណ្ឌកម្មសហរដ្ឋអាមេរិក ជុំវិញរឿងទីក្រុងអង់ការ៉ាទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី បានធ្វើឲ្យរង្គោះរង្គើគុណតម្លៃទាំងស្រុងក្នុងសម្ពន្ធភាព ហើយលោកបានស្នើឲ្យមានសហប្រតិបត្តិការជាថ្មី រវាងសម្ពន្ធមិត្តណាតូទាំងពីរ។
នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័ត៌មាន National Post ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មនានា ផ្តោតគោលដៅលើនាយកដ្ឋានឧស្សាហកម្មការពារជាតិតួកគី ព្រមទាំងប្រធាននិងបុគ្គលិក៣នាក់ផ្សេងទៀត។
លោក Hulusi Akar បានមានប្រសាសន៍យ៉ាងដូច្នេះថា ការសម្រេចចិត្តដាក់ទណ្ឌកម្មនេះ បានធ្វើឲ្យរង្គោះរង្គើដលគុណតម្លៃទាំងស្រុង ក្នុងសម្ពន្ធភាពនៃប្រទេសរបស់យើង។ វិលត្រឡប់ទៅធ្វើសហប្រតិបត្តិការនិងរួបរួមគ្នាវិញ ជាមួយសហរដ្ឋអាមេរិក នឹងផ្តល់នូវការរួមចំណែកដ៏សំខាន់មួយ ដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់និងលើពិភពលោក”៕ប្រែសម្រួល៖ប៉ាង កុង