តូក្យូ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi បានឲ្យដឹងថា លោកបានឯកភាពជាមួយសមភាគីចិនលោក Wei Fenghe ដើម្បីស្វែងរកការបង្កើតខ្សែទូរស័ព្ទបន្ទាន់ រវាងមន្ត្រីរបស់ពួកគេ នៅពេលមានភាពតានតឹង ជុំវិញអធិបតេយ្យភាពកោះ នៅសមុទ្រចិនខាងកើត។
មន្រ្តីក្រសួងការពារជាតិជប៉ុន បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លើកដំបូងរបស់ពួកគេ ចាប់តាំងពីលោក Nobuo Kishi បានឡើងកាន់តំណែងក្នុងខែកញ្ញា លោកបានសម្តែងការព្រួយបារម្ភ អំពីភាពតានតឹងជុំវិញ ប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន ដែលក្រុងប៉េកាំងអះអាងនិងហៅថាកោះដាយយូ ។
លោក Nobuo Kishi បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីខ្សែអាត់វីដេអូថា “ខ្ញុំបានស្នើសុំយ៉ាងម៉ឺងម៉ាត់ថា មិនគួរចាត់វិធានការណាមួយ ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងនោះទេ” ។
ប្រទេសជិតខាងទាំងពីរបានបង្កើត យន្តការទំនាក់ទំនងរវាងអាជ្ញាធរ ការពារជាតិ របស់ពួកគេនៅឆ្នាំ២០១៨ ដើម្បីចៀសវាងការប៉ះទង្គិចគ្នាដោយចៃដន្យ នៅតាមសមុទ្រ និងលើអាកាស។ ការបើកបណ្តាញទូរស័ព្ទបន្ទាន់ គឺជាសសរស្តម្ភ នៃយន្តការនាវាចរណ៍ដែនសមុទ្រ និងអាកាស ប៉ុន្តែប្រទេសទាំងពីរមានការរីកចម្រើនតិចតួច៕
ដោយ ឈូក បូរ៉ា