បរទេស៖រ ដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី នឹងមិនប្រែចិត្តចំពោះការទិញយកប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ីទេ ហើយនឹងចាត់វិធានការតបតវិញ ក្រោយធ្វើការវាយតម្លៃលើទណ្ឌកម្មអាមេរិក ដែលបានដាក់ជុំវិញការទិញនោះ។
លោករដ្ឋមន្ត្រីការបរទេសតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងពិតជាចាត់វិធានការរបស់យើង អនុលោមទៅតាម (ទណ្ឌកម្ម) ទាំងនេះ ហើយវាមិនសំខាន់នោះថា តើទណ្ឌកម្មមានភាពខ្សោយឬក៏ខ្លាំងនោះទេ គឺទណ្ឌកម្មខ្លួនឯងនោះ គឺខុសទៅហើយ”។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មនានា ផ្តោតគោលដៅលើនាយកដ្ឋានឧស្សាហកម្មការពារជាតិរបស់ប្រទេសតួកគី ដែលជាប្រទេសសមាជិកមួយរបស់អង្គការណាតូ ព្រមទាំងប្រធាននិងបុគ្គលិក៣រូបផ្សេងទៀត សម្រាប់ការទិញយកប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400៕

