វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកគ្រោងនឹងបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ី និងដើម្បីបញ្ឈប់ប្រតិបត្តិការនៅកន្លែងមួយនៅ Yekaterinburg ។
អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា“ រដ្ឋលេខាធិការដោយពិគ្រោះ យោបល់យ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូត John Sullivan បានសម្រេចចិត្តបិទស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុង Vladivostok និងបញ្ឈប់ប្រតិបត្តិការនៅអគ្គកុងស៊ុល សហរដ្ឋអាមេរិកនៅ Yekaterinburg” នេះបើយោងតាមការចេញផ្សាយដោយអ្នកនាំពាក្យក្រសួងការបរទេស។
ការចេញផ្សាយនេះបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីបង្កើនប្រសិទ្ធភាពនៃបេសកកម្មរបស់សហរដ្ឋអាមេរិក នៅប្រទេសរុស្ស៊ីហើយគ្មានសកម្មភាពណា ដែលទាក់ទងទៅនឹងស្ថានកុងស៊ុលរុស្ស៊ី នៅសហរដ្ឋអាមេរិក ត្រូវបានគេគ្រោងទុកនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថាក្រសួងការបរទេស បានប្រាប់សភាអំពីការផ្លាស់ប្តូរ ដែលបានគ្រោងទុកនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែធ្នូ ដោយថា ខ្លួនមានចេតនាចាត់វិធានការទាំងនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់បុគ្គលិក ដែលកំពុងបន្តសម្រាប់បេសកកម្មអាមេរិកនៅប្រទេសរុស្ស៊ី បន្ទាប់ពីព្រឹត្តិការណ៍រុស្ស៊ីឆ្នាំ២០១៧៕