សេអ៊ូល៖ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា ប្រមុខការពារជាតិកូរ៉េខាងត្បូង និងអូស្រ្តាលី បានជួបពិភាក្សាតាមទូរស័ព្ទ នៅថ្ងៃចន្ទនេះ និងបានពិភាក្សាពីវិធី ដើម្បីជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ ការពារជាតិនិងឧស្សាហកម្មដែលពាក់ព័ន្ធ។
ក្នុងអំឡុងពេលនៃការសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលី Linda Reynolds រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បានថ្លែងអំណរគុណចំពោះអតីតយុទ្ធជនអូស្ត្រាលី ដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-៥៣ ។
លោកក៏បានបង្ហាញក្តីសង្ឃឹម សម្រាប់ការអភិវឌ្ឍបន្ថែមទៀត នៃចំណងទាក់ទងទ្វេភាគី ព្រោះឆ្នាំក្រោយ គឺជាខួប ៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ ប្រទេសទាំងពីរ។
យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសទាំងពីរបានរក្សា កិច្ចសហប្រតិបត្តិការទោះបីជាមានស្ថានភាពឆ្លងវីរុសថ្មីនេះក៏ដោយ ក៏លោក Suh និង Reynolds រំពឹងថា នឹងមានឱកាសផ្សេងៗគ្នាក្នុងការប្រជុំគ្នាទល់មុខគ្នា និងកិច្ចប្រជុំជាន់ខ្ពស់នៅឆ្នាំក្រោយ៕ដោយ ឈូក បូរ៉ា