ថ្ងៃទី៨ ខែមករា កាលពីឆ្នាំ១៩៧៦ លោកជូអេនឡាយ ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់តាំងពីឆ្នាំ ១៩៤៩ បានស្លាប់ដោយសារជំងឺមហារីក នៅពេលដែលោក មានអាយុ៧៧ឆ្នាំ។
លោកជូអេនឡាយ គឺជាមេដឹកនាំធំទីពីរ បន្ទាប់ពីលោកម៉ៅសេទុង មេដឹកនាំបដិវត្តន៍ ដែលបានដឹងនាំរបបកុម្មុយនិស្ត ទៅឲ្យប្រទេសចិនមកទល់សព្វថ្ងៃ ។ លើសពីសារៈសំខាន់របស់គាត់ ក្នុងនាមជាមេដឹកនាំ នៃប្រទេសចិនកុម្មុយនិស្ត លោកក៏បានដើរតួបានយ៉ាងល្អ ក្នុងការចរចាមួយជាមួយនឹង សហរដ្ឋអាមេរិក នាគ្រានោះ ដើម្បីនាំឱ្យមានទៅដល់ការទទួលស្គាល់ របស់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ១៩៧៩។
លើសពីនោះលោកក៏បានបំពេញ សកម្មភាពដ៏សំខាន់ៗ ជាច្រើនទៀត ដូចជាក្នុងកំឡុងទសវត្សឆ្នាំ១៩៥០ គាត់បានតំណាងឱ្យប្រទេសចិន ចូលរួមក្នុងកិច្ចប្រជុំ រវាងការទូតជាច្រើន រួមមានទាំងសន្និសីទ ទីក្រុងហ្ស៊ែណែវ ឆ្នាំ១៩៥៤ និងសន្និសីទអាស៊ី – អាហ្រ្វិក ឆ្នាំ១៩៥៥ នៅទីក្រុងBandung ។ គាត់ក៏ជាកម្លាំងស្ថេរភាព នៅក្នុងប្រទេសចិន ក្នុងកំឡុងឆ្នាំដ៏ច្របូកច្របល់ នៃបដិវត្តន៍វប្បធម៌និងភាពតានតឹង ផ្នែកនយោបាយផងដែរ ៕
ប្រែសម្រួល:ស៊ុនលី