ព័ត៌មានអន្តរជាតិ

Apple​ កំណត់គោលដៅ ផលិតរថយន្តនៅឆ្នាំ ២០២៤ បន្ទាប់សំឡឹងមើលឃើញ បច្ចេកវិទ្យាអាគុយ

សេនហ្វ្រេនស៊ីស្កូ ៖ មនុស្សដែលស្គាល់បញ្ហានេះ បានប្រាប់ថា ក្រុមហ៊ុនApple Inc កំពុងឈានទៅមុខជាមួយ នឹងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង ហើយកំពុងកំណត់ គោលដៅនៅឆ្នាំ ២០២៤ ដើម្បីផលិតរថយន្តដឹកអ្នកដំណើរ ដែលអាចរួមបញ្ចូលបច្ចេកវិទ្យាអាគុយ របស់ខ្លួនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការខិតខំប្រឹងប្រែង ផលិត រថយន្តរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ត្រូវបានគេស្គាល់ថា Project Titan បានដំណើរការមិនស្មើគ្នា ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលវាចាប់ផ្តើមរចនា យានយន្តដោយខ្លួនឯងពីដំបូង ។ នៅពេលមួយក្រុមហ៊ុន Apple បានដកថយកិច្ចខិតខំប្រឹងប្រែង ផ្តោតលើកម្មវិធី និងវាយតម្លៃគោលដៅ របស់ខ្លួនឡើងវិញ ។

លោក Doug Field ដែលជាជើងចាស់ របស់ Apple ធ្លាប់ធ្វើការនៅក្រុមហ៊ុន Tesla Inc បានវិលត្រឡប់មកត្រួតពិនិត្យគម្រោងនេះវិញ នៅឆ្នាំ ២០១៨ និងបានដាក់មនុស្សចំនួន ១៩០ នាក់ចេញពីក្រុមនៅក្នុងឆ្នាំ ២០១៩ ។ មនុស្ស២នាក់ដែលស្គាល់ការ ខិតខំប្រឹងប្រែងនេះ បានសុំមិនបញ្ចេញឈ្មោះ ដោយសារតែផែនការ របស់ក្រុមហ៊ុន Apple មិនមានជាសាធារណៈ បាននិយាយថា ចាប់តាំងពីពេលនោះមកក្រុមហ៊ុន Apple បានរីកចម្រើនគ្រប់គ្រាន់ហើយ ដែលពេលនេះមានគោលបំណង កសាងយានយន្តសម្រាប់អ្នកប្រើប្រាស់ ។

គោលដៅរបស់ក្រុមហ៊ុន Apple ក្នុងការបង្កើតយានយន្តផ្ទាល់ខ្លួនសម្រាប់ទីផ្សារទ្រង់ទ្រាយធំ គឺផ្ទុយពីគូប្រជែង ដូចជាក្រុមហ៊ុន Alphabet Inc’s Waymo ដែលបានសាងសង់ រថយន្តតាក់ស៊ី ដើម្បីដឹកអ្នកដំណើរ សម្រាប់សេវាកម្ម បើកបរដោយគ្មានអ្នកបើកបរ ។

បើយោងតាមមនុស្សទី៣ បានឃើញការរចនាអាគុយរបស់ Apple ថា យុទ្ធសាស្ត្រទី៣ របស់ Apple គឺការរចនាអាគុយថ្មី ដែលអាចកាត់បន្ថយថ្លៃដើម អាគុយ និងបង្កើនជួរយានយន្ត។ ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីផែនការ ឬផលិតផលអនាគតរបស់ខ្លួនទេ ៕ដោយ៖លី ភីលីព

Most Popular

To Top