បរទេស៖អង្គការសម្ពន្ធមិត្តយោធា បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា កងកម្លាំងពិសេសត្រៀមលក្ខណៈកម្រិតខ្ពស់របស់ណាតូ ដែលជាអង្គភាព ដាក់ពង្រាយរហ័សមានបុគ្គលិក៦.៤០០នាក់ នឹងត្រូវបានដឹកនាំដោយប្រទេសតួកគី នៅក្នុងាឆ្នាំ២០២១។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ របស់អង្គការណាតូ បានិយាយប្រាប់ថា ប្រទេសតួកគី នឹងទទួលយកទំនួលខុសត្រូវ ពីប្រទេសប៉ូឡូញ នៅថ្ងៃទី០១ ខែមករា។
គួរបញ្ជាក់ថា ការដឹកនាំកងកម្លាំងពិសេសត្រៀមលក្ខណៈ កម្រិតខ្ពស់ ដែលដាក់ទាហានឲ្យនៅក្នុងស្ថានភាពប្រចាំការ និងត្រៀមលក្ខណៈដើម្បីដាក់ពង្រាយ នេះ គឺបានផ្លាស់ប្តូរវេនគ្នាជារៀងរាល់ឆ្នាំ នៅក្នុងចំណោមប្រទេសជាសមាជិកណាតូ ដោយភាគច្រើននៃបុគ្គលិករបស់កងកម្លាំងនេះ គឺបានមកពីប្រទេសជាអ្នកដឹកនាំ៕ប្រែសម្រួល៖ប៉ាង កុង