បរទេស៖ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 “Stratofortress” ចំនួនពីរគ្រឿង របស់កងទ័ពជើងអាកាសអាមេរិក បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ា ក្នុងដំណើរបង្ហាញកម្លាំង។
សេចក្តីប្រកាស របស់ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកនោះ មិនបានបញ្ជាក់ពីទិសដៅ សម្រាប់យន្តហោះនោះទេ ប៉ុន្តែបានធ្វើការសង្កត់ធ្ងន់ លើសមត្ថភាពចាក់សាំងកណ្ដាលអាកាស និងបានធ្វើការកត់សម្គាល់ថា ការបង្ហាញខ្លួនយន្តហោះទាំងនោះ មានន័យថា គូសបញ្ជាក់ការប្តេជ្ញាយោធាអាមេរិក ចំពោះសន្តិសុខក្នុងតំបន់ និងបង្ហាញសមត្ថភាពពិសេស ដើម្បីបញ្ជូនកម្លាំងចម្បាំងបានលឿន ក្នុងរយៈពេលដ៏ខ្លី។
គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់អាមេរិក B-52 គឺជាផ្នែកនៃកងយន្តហោះទម្លាក់គ្រាប់បែកលេខ៥ ដែលមានកន្លែងប្រចាំការ ក្នុងមូលដ្ឋានកងទ័ពអាកាស Minot រដ្ឋដាកូតាខាងជើង ហើយការបញ្ជូន យន្តហោះទម្លាក់គ្រាប់នោះ គឺជាលើកទី៣របស់ទីបញ្ជាការកណ្ដាល ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេល៥កន្លងទៅ៕ ប្រែសម្រួល៖ប៉ាង កុង