បរទេស៖ ប្រទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបដិសេធច្រានចោល សំណើពិភាក្សាដ៏ថ្មីបំផុតពីកោះតៃវ៉ាន់ ដោយនិយាយថា រដ្ឋាភិបាលកំពុងតែពាក់ព័ន្ធ ក្នុងកលល្បិចដ៏ថោកទាប និងការបង្កហេតុ តាមរយៈការស្វះស្វែង ឲ្យមានការប្រឈមមុខដាក់គ្នា ជាមួយប្រទេសចិនជាបន្តបន្ទាប់។
យោងតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែមករា ឆ្នំា២០២១នេះ បានឲ្យដឹងថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍នៅថ្ងៃសុក្រថា កោះតៃវ៉ាន់ បានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើកិច្ចពិភាក្សាដ៏មានអត្ថន័យ ជាមួយប្រទេសចិន ប្រកបដោយមានភាពស្មើភាពគ្នា ដរាបណាពួកគេមានឆន្ទៈ ចង់បញ្ចៀសការប្រឈមមុខដាក់គ្នា។
គួរបញ្ជាក់ថា ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ ដែលជាកោះកាន់លទ្ធិប្រជាធិបតេយ្យ និងធ្វើការគ្រប់គ្រងដោយខ្លួនឯងនោះ ថាជាទឹកដីរបស់ខ្លួនផ្ទាល់ និងបានផ្អាកយន្តការពិភាក្សាគ្នា ផ្លូវការមួយ កាលពីឆ្នាំ២០១៦ ក្រោយលោកស្រី ត្សៃ អ៊ីងវិន ជាប់ឆ្នោតជាលើកដំបូង ដោយចាត់ទុកលោកស្រី ថាជាជនបះបោរ មាននិន្នាការប្រកាសឯករាជផ្លូវការ៕ ប្រែសម្រួល៖ប៉ាង កុង
