ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ ជំរុញលោក ត្រាំ ឲ្យចៀសវាង ការជាប់ងអន្ទាក់អ៊ីស្រាអែល បង្កសង្គ្រាម

បរទេស៖រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានជំរុញប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនឲ្យជាប់អន្ទាក់ធ្វើឡើងដោយផែនការអ៊ីស្រាអែល បង្កឲ្យកើតជាសង្គ្រាមមួយ តាមរយៈការវាយប្រហារនានា ទៅលើកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានចេញសេចក្តីព្រមានបែបនេះ នៅក្នុងថ្ងៃគម្រប់ខួបអាមេរិកសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem Soleimani ដោយការវាយប្រហារពីកូនដ្រូន នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយនៅពេលភ្លាមៗនេះ នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយ ពីប្រទេសអ៊ីស្រាអែលនៅឡើយទេ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានរិះគន់ថ្កោលទោសលើកងកម្លាំងជីវពលគាំទ្រដោយអ៊ីរ៉ង់ សម្រាប់ការវាយប្រហារដោយគ្រាប់រ៉ុកកែតជាប្រក្រតី ទៅលើទីតាំងនានារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលរួមមានទាំងនៅក្បែរស្ថានទូតអាមេរិកផងដែរ។ ប៉ុន្តែមិនមានក្រុមគាំទ្រដោយអ៊ីរ៉ង់ដែលគេស្គាល់ណាមួយ អះអាងទទួលខុសត្រូវលើការវាយប្រហារទាំងនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top