បរទេស៖ កាលពីល្ងាចថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងមក មន្ទីរប៉ង់តាហ្គោនបានប្រកាសថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ដែលមានឈ្មោះថា USS Nimitz នឹងនៅតែមានវត្តមាន នៅក្នុងតំបន់មជ្ឈឹមបូព៌ាដដែល ដោយសារតែការគម្រាមកំហែង របស់អ៊ីរ៉ង់នៅក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងការពារជាតិ បណ្តោះអាសន្នរបស់អាមេរិកលោក Chris Miller បានថ្លែងនៅក្នុងសន្ទរកថាមួយថា ដោយសារតែកម្រិតនៃការគម្រាមកំហែង របស់មេដឹកនាំអ៊ីរ៉ង់ មកលើមេដឹកនាំអាមេរិកលោក Donald Trump ព្រមទាំងមេដឹកនាំដ៏ទៃទៀត ដូច្នេះយើងនឹងមិន
ប្តូរទិសដៅរបស់ USS Nimitz ឡើយហើយនឹងបន្តវត្តមានរបស់វា នៅក្នុងដែនទឹកនៃតំបន់មជ្ឈឹមបូព៌ាដដែល។
សេចក្តីប្រកាសនេះ ត្រូវបានគេមើលឃើញថា មានភាពផ្ទុយគ្នាយ៉ាងខ្លាំង ទៅនឹងការសម្រេចចិត្តរបស់លោក Miller កាលពីប៉ុន្មានថ្ងៃមុន ដែលលោកបានចេញបញ្ជាឲ្យ USS Nimitz ធ្វើដំណើរត្រឡប់មកប្រទេសអាមេរិកវិញ ក្រោយបញ្ចប់បេសកកម្ម អស់រយៈពេល១០ខែរួចមក៕
ប្រែសម្រួល៖ស៊ុនលី