ព័ត៌មានអន្តរជាតិ

មេ​ប៉ូលិស ​​ផ្ដាំ​ទៅ​ជនសង្ស័យ ​រំលោភ​នារី​អូតែស​ហ្វីលីពីន​ថា​ “ចង់​សារភាព​ ឬ​ក៏​បាញ់​ចោល​”

អគ្គស្នងការ​ប៉ូលិស​ជាតិ​ហ្វីលីពីន (PNP) ឧត្តម​សេនីយ៍ Debold Sinas បាន​ព្រមាន​បុរស ៨​នាក់​ក្នុង​ចំណោម ១១ នាក់ ​ដែល​ចូលរួម​ក្នុង​ពិធី​ជប់លៀង​ឆ្នាំ​ថ្មី​ ជាមួយ​អ្នក​បម្រើ​លើ​​យន្តហោះ​នាង​ Christine Angelica Dacera នៅ​ឯ​សណ្ឋាគារ Makati City ឲ្យ​ចូល​ខ្លួន​សារភាព ​​ក្នុង​រយៈ​ពេល​៧២​ម៉ោង។​

បុរស ៣​នាក់​ក្នុង​ចំនោម ១១​នាក់​ ដែល​រង​ការ​ចោទ​ប្រកាន់​ដំបូង ​ពី​បទ​រំលោភ​សេព​សន្ថវៈ​ និង​មនុស្ស​ឃាត​ ត្រូវ​បាន​​​ប៉ូលិស​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ ហើយ​អ្នក​ដែល​នៅ​សល់​គេច​ខ្លួន​ ក៏​ប៉ូលិស​ស្គាល់​អត្តសញ្ញាណ​អស់​ហើយ​ដែរ។ ឧត្តម​សេនីយ៍ Debold Sinas បាន​ព្រមាន​ថា​ បើ​មិន​ចូល​សារភាព​អ្នក​ទាំង​នោះ​អាច​ត្រូវ​បាញ់​ចោល ​ក្នុង​បេសកកម្ម​តាម​ប្រមាញ់ ​របស់​ប៉ូលិស​ក៏​ថា​បាន។​​

Debold Sinas បាន​ធានា​ដល់​ក្រុម​គ្រួសារ​របស់ Dacera ថា​យុត្តិធម៌​នឹង​ផ្ដល់​ឲ្យ​១០០% ​ដល់​នារី​បម្រើ​លើ​យន្តហោះ ​ដែល​មាន​អាយុ ២៣ ឆ្នាំ។ Dacera ត្រូវ​បាន​គេ​រក​ឃើញ​សន្លប់​ ក្នុង​អាង​ងូត​ទឹក​មួយ​ក្នុង​បន្ទប់​សណ្ឋាគារ​​ថ្ងៃ​ឆ្លង​ឆ្នាំ។​ នាង​ត្រូវ​បាន​មិត្តភក្ដិ​បី​នាក់ និង​បុគ្គលិក​សណ្ឋាគារ​ដឹក​​ទៅ​កាន់​មន្ទីរពេទ្យ​ជា​កន្លែង ​ដែល​នាង​ត្រូវ​បាន​គេ​អះអាង​ថា ​ស្លាប់​ដោយ​ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

ការ​ចោទ​ប្រកាន់​ដំបូង​ ពី​បទ​រំលោភ​សេពសន្ថវៈ និង​មនុស្ស​ឃាត​ត្រូវ​ប៉ូលិស​ទីក្រុង​ម៉ាធីធី ដាក់​ការ​សង្ស័យ​លើ​បុរស​ចំនួន ១១​នាក់ ​ដែល​បាន​នៅ​ជាមួយ Dacera នៅក្នុងបន្ទប់សណ្ឋាគារ ប៉ុន្តែ​ពេល​នេះ​គឺ​ត្រូវ​រង់ចាំ ​ការ​ធ្វើ​កោសល្យវិច័យ​សាកសព ​ជា​មុន​សិន៕ ប្រភព៖ sabay

Most Popular

To Top