វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនទាន់បានធ្វើការសម្រេចចិត្តថា តើលោកនឹងអនុវត្ត តាមការប្តេជ្ញាចិត្តរបស់លោក ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ឬយ៉ាងណានោះទេ។
ជាគោលការណ៍លោក គីម ជុងអ៊ុន បានយល់ព្រមបោះបង់ចោល អាវុធនុយក្លេអ៊ែរ របស់ប្រទេសរបស់លោក នៅក្នុងជំនួប ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើឡើង នៅប្រទេសសិង្ហបុរី កាលពីខែមិថុនាឆ្នាំ២០១៨ ។
លោក Pompeo បានឲ្យដឹង នៅក្នុងបទសម្ភាសន៍មួយ ជាមួយ Bloomberg ថា “ជាអកុសលយើង មិនទាន់សម្រេចបាន នូវបញ្ហានេះនៅឡើយទេ។
លោកគីម និងលោក ត្រាំ បានជួបគ្នាម្តងទៀត សម្រាប់កិច្ចប្រជុំកំពូលទ្វេភាគីលើកទី ២ របស់ពួកគេនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែកិច្ចប្រជុំបានបញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀង ហើយការពិភាក្សារបស់មេដឹកនាំទាំងពីត បានជាប់គាំងរហូតមកដល់ពេលនេះ៕ ដោយ៖ ឈូក បូរ៉ា