ព័ត៌មានអន្តរជាតិ

វៀតណាម ផ្អាកជើងហោះហើរពីប្រទេស និងដែនដីមួយចំនួន ដោយសារវីរុស ដែលបានបំលែងខ្លួនថ្មីងាយឆ្លង

បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម បានហាមឃាត់ការហោះហើរ ពីបណ្តាប្រទេសនិងដែនដី មួយចំនួន ដូចជាចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ដែលបានកត់ត្រាអំពីវីរុស ដែលបានបំលែងខ្លួនថ្មីងាយឆ្លង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បាននិយាយនៅថ្ងៃអង្គារនេះថា ក្រសួងការបរទេស ក្រសួងសុខាភិបាល និងដឹកជញ្ជូន ត្រូវសម្របសម្រួលជាមួយគ្នា និងបង្កើតបញ្ជីឈ្មោះប្រទេស និងដែនដីដែលបទប្បញ្ញត្តិថ្មីនេះ នឹងត្រូវអនុវត្ត។

សម្រាប់ពេលនេះបញ្ជីនេះរួមមាន ចក្រភពអង់គ្លេស និងអាហ្រ្វិកខាងត្បូង ដែលវីរុសបំលែងខ្លួនថ្មី ត្រូវបានរកឃើញ។ មួយដែលត្រូវបានរកឃើញនៅអង់គ្លេស កាលពីដើមខែមុន ត្រូវបានគេនិយាយថា អាចចម្លងបានលឿនជាង ៧០ ភាគរយច្រើន ជាងមេរោគដើមចាស់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស បាននិយាយកាលពីថ្ងៃចន្ទថា ការផ្លាស់ប្តូរទម្រង់ ដែលត្រូវបានរកឃើញ នៅអាហ្វ្រិកខាងត្បូង កាន់តែមានបញ្ហា។

នាយករដ្ឋមន្រ្តីវៀតណាម លោក Phuc បានចេញបទបញ្ជានេះ បន្ទាប់ពីក្រសួងសុខាភិបាល បានស្នើកាលពីថ្ងៃច័ន្ទថា ការហោះហើរពីខាងក្រៅត្រូវបានផ្អាក ឬមានកំណត់ពីបណ្តាប្រទេសនិងដែនដី ដែលមានប្រភេទមេរោគឆ្លងថ្មី ដែលងាយឆ្លងរាលដាល៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top