ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ អំពាវនាវឲ្យមានភាព រស់រវើកឡើង នៃសម្ពន្ធភាពក្នុងឆ្នាំ២០២១

បរទេស ៖ អគ្គលេខាធិការអង្គការសម្ពន្ធមិត្ត ហៅកាត់ថា ណាតូ លោក Jens Stoltenbergតាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅពេលថ្មីៗនេះថា ឆ្នាំថ្មីនេះនឹងជាពេលវេលា ដ៏មានសារៈសំខាន់ សម្រាប់ចំណងមិត្តភាពរវាងអាមេរិក ខាងជើងនិងអឺរ៉ុប និងសម្រាប់កិច្ចពិភាក្សា សន្តិភាពអាហ្វហ្គានីស្ថាន ។

ក្នុងពេលថ្លែងសុន្ទរកថា ទៅកាន់សមាជិក សហភាពសង្គមគ្រីស្ទានអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ លោកបានមានប្រសាសន៍ថា ឆ្នាំ២០២១បង្ហាញឲ្យឃើញ នូវឱកាសដ៏សំខាន់មួយ ដើម្បីធ្វើឲ្យរស់រវើកឡើងវិញ នូវចំណងមិត្តភាពអន្តរអាត្លង់ទិក និងពង្រឹងទាក់ទងគ្នា រវាងអាមេរិកខាងជើងនិងអឺរ៉ុប ។

តាមសេចក្តីរាយការណ៍ លោក Stoltenberg បានមានប្រសាសន៍ដូច្នេះថា “ការប៉ុនប៉ងណាមួយ ដើម្បីបំបែកអឺរ៉ុប និងអាមេរិកខាងជើង នឹងមិនត្រឹមតែធ្វើឲ្យទន់ខ្សោយ ដល់ចំណងមិត្តភាពអន្តរអាត្លង់ទិក ឬក៏ខ្សោយដល់ណាតូទេ ប៉ុន្តែក៏ជាការបំបែកបំបាក់អឺរ៉ុប ដូច្នេះយើងចាំបាច់ ត្រូវតែសាមគ្គីរួមគ្នា អាមេរិកខាងជើងនិងអឺរ៉ុប ហើយខ្ញុំពិតជាពឹងផ្អែក លើប្រទេសអាល្លឺម៉ង់ ដែលធ្វើតួនាតីយ៉ាងសំខាន់ ក្នុងកិច្ចប្រឹងប្រែងទាំងនេះ” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top