វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Twitter Inc បានឲ្យដឹងថា ខ្លួនបានផ្អាកគណនីរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ“ ជាអចិន្ត្រៃយ៍” ចំពេលមានការរិះគន់ដែល កំពុងតែកើនឡើងដែលថា លោកបានញុះញង់អ្នកគាំទ្រ របស់លោកឱ្យវាយប្រហារលើវិមានកាពីតូល នៅថ្ងៃពុធ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
ក្រុមហ៊ុននេះបានឲ្យដឹងថា “បន្ទាប់ពីពិនិត្យយ៉ាងដិតដល់លើ Tweet ថ្មីៗពីគណនី @realDonaldTrump និងបរិបទនៅជុំវិញពួកគេ យើងបានផ្អាកគណនីនេះជាអចិន្ត្រៃយ៍ ដោយសារហានិភ័យនៃការញុះញង់ ឱ្យមានអំពើហិង្សាបន្ថែមទៀត”។
គួរបញ្ជាក់ថា បាតុករគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលក្នុងវិមានកាពីតូល ដើម្បីបង្អាក់ដំណើរការសភា ក្នុងការបញ្ជាក់ពីការចាញ់ឆ្នោតរបស់លោក កាលពីថ្ងៃពុធប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយឈានដល់ការផ្ទុះអំពើហិង្សា បណ្ដាញឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ៕
ដោយ ឈូក បូរ៉ា