បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានធ្វើការថ្កោលទោសសហរដ្ឋអាមេរិក ពីបទដកបម្រាមលើការធ្វើទំនាក់ទំនងជាមួយមន្ត្រីតៃវ៉ាន់ ដោយនិយាយថា គ្មានអ្នកណាម្នាក់ អាចរារាំងការបង្រួបបង្រួមប្រទេសឡើងវិញនោះទេ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ កោតសរសើរទង្វើរបស់អាមេរិកនោះ ថាជាសញ្ញាមួយនៃភាពជាដៃគូពិភពលោក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសពីការផ្លាស់ប្តូរនោះ កាលពីថ្ងៃសៅរ៍ ក្នុងពេលតែប៉ុន្មានថ្ងៃមុនរដ្ឋបាលលោក ត្រាំ ចាកចេញ ហើយលោក ចូ បៃដិន ចូលមកកាន់តំណែងប្រធានាធិបតី នៅថ្ងៃទី២០ ខែមករាខាងមុខនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសចិន ដែលអះអាងកម្មសិទ្ធិលើកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួននោះ បាននិយាយថា ខ្លួននឹងធ្វើការជំទាស់ដាច់ខាត ចំពោះការសម្រេចចិត្តនោះ និងធ្វើការថ្កោលទោសវាយ៉ាងខ្លំាងក្លា៕ប្រែសម្រួល៖ប៉ាង កុង