ព័ត៌មានអន្តរជាតិ

Facebook, Google, Microsoft បញ្ឈប់ការចូលរួម ចំណែក នយោបាយ បន្ទាប់ពីកុបកម្ម នៅវិមានកាពីតូល

វ៉ាស៊ីនតោន៖ Facebook, Google និង Microsoft បានប្រកាសឲ្យដឹងថា ពួកគេកំពុងបង្កកការចូលរួមវិភាគទាន នយោបាយពីគណៈកម្មាធិការសកម្មភាពនយោបាយ (PAC) បន្ទាប់ពីមានកុប្បកម្ម កាលពីសប្តាហ៍មុននៅវិមានកាពីតូល សហរដ្ឋអាមេរិក ដោយក្រុមអ្នកគាំទ្រ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។

អ្នកនាំពាក្យហ្វេសប៊ុកលោក Andy Stone បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ បន្ទាប់ពីមានអំពើហឹង្សាដ៏អាក្រក់ កាលពីសប្តាហ៍មុន នៅវិមានកាពីតូល រដ្ឋធានីវ៉ាស៊ីនតោន ក្រុមហ៊ុននេះបានសម្រេច បង្កកការចូលរួមវិភាគទាន នយោបាយនៅអាមេរិក។

ក្រុមហ៊ុន Google របស់ Alphabet Inc បានឲ្យដឹងថា ខ្លួននឹងផ្អាកការចូលរួមវិភាគទានពី PAC របស់ខ្លួន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google ក៏បានឲ្យដឹងផងដែរថា “យើងបានបង្កករាល់ ការចូលរួមវិភាគទាននយោបាយ របស់ NetPAC ខណៈពេលដែលយើងពិនិត្យមើល និងវាយតំលៃឡើងវិញ នូវគោលនយោបាយរបស់ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍ដែលមានបញ្ហា ដ៏ជ្រាលជ្រៅកាលពីសប្តាហ៍មុន” ។

ក្រុមហ៊ុន Microsoft បានង្យដឹងផងដែរថា ក្រុមហ៊ុនកំពុងបញ្ឈប់ការចំណាយ នយោបាយរបស់ខ្លួនរហូតដល់ បន្ទាប់ពីខ្លួនវាយតម្លៃផលប៉ះពាល់ នៃព្រឹត្តិការណ៍សម្រុកចូលវិមាន កាពីតូលកាលពីសប្តាហ៍មុន។

ក្រុមហ៊ុន Microsoft បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “ PAC ផ្អាកការបរិច្ចាគរបស់ខ្លួនជាប្រចាំ នៅក្នុងត្រីមាសទីមួយ នៃសមាជថ្មីប៉ុន្តែខ្លួននឹងចាត់វិធានការ បន្ថែមនៅឆ្នាំនេះ ដើម្បីពិចារណាព្រឹត្តិការណ៍ថ្មីៗទាំងនេះ និងពិគ្រោះយោបល់ ជាមួយនិយោជិក” ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top