អាមេរិក ៖ ក្រុមហ៊ុនផលិត រថយន្តយក្សកូរ៉េខាងត្បូង Hyundai និយាយថា ខ្លួនកំពុងពិភាក្សា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple អំពីការបង្កើតរថយន្តអគ្គិសនី បើកបរដោយខ្លួនឯង ដែលធ្វើឲ្យតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនផលិត រថយន្តកើនឡើង ២០ ភាគរយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមហ៊ុន Apple ត្រូវបានបែកធ្លាយព័ត៌មាន ចចាមអារាមជាយូរមកហើយថា កំពុងធ្វើការលើរថយន្តដឹកអ្នកដំណើរ ហើយរបាយការណ៍នៅឆ្នាំ ២០២០ បានលើកឡើងថា នេះនឹងរួមបញ្ចូលទាំងបច្ចេកវិទ្យាអាគុយថ្មី ។ ទូរទស្សន៍ Korea Economic Daily TV បានរាយការណ៍ជាលើកដំបូង អំពីការភ្ជាប់ទំនាក់ទំនង រវាងក្រុមហ៊ុនផលិតទូរស័ព្ទ iPhone និងក្រុមហ៊ុន Hyundai ដោយបង្ហាញថា យានជំនិះដំបូងអាចនឹងត្រៀមសម្រាប់ សាធារណជននៅឆ្នាំ ២០២៧ ។
ចាប់តាំងពីពេលនោះមកក្រុមហ៊ុន Hyundai បានបញ្ជាក់ថា ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាដំបូង អំពីការប្រើប្រាស់រោងចក្ររបស់ខ្លួន ដើម្បីផលិតរថយន្ត Apple ប៉ុន្តែគ្មានអ្វីត្រូវបានសម្រេចឡើយ។ Apple ត្រូវបានគេស្គាល់ថា នេះជាការសម្ងាត់របស់ខ្លួន នៅពេលនិយាយអំពីផលិតផល និងភាពជាដៃគូថ្មីៗ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានបដិសេធ មិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះទេ ៕ដោយ៖លី ភីលីព


