ព័ត៌មានអន្តរជាតិ

មេធាវី ៖ កិច្ចប្រជុំ រវាងអតីតប្រធាន Nissan លោក Ghosn ជាមួយអ្នកស៊ើបអង្កេតបារាំងត្រូវពន្យារពេល

BEIRUT ៖ ក្រុមមេធាវីការពារលោក Ghosn បានប្រាប់ថា ការប្រជុំរវាងឧកញ៉ា រត់គេចខ្លួនលោក Carlos Ghosn និងក្រុមអ្នកស៊ើបអង្កេត តុលាការបារាំងនៅ Beirut ដែលគ្រោងធ្វើនៅសប្តាហ៍ ក្រោយនឹងត្រូវពន្យារពេល ដោយសារការចាក់សោរ ការពារមេរោគ COVID-19 យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

លោក Jean Tamalet នៃក្រុមហ៊ុនច្បាប់ King & Spalding បាននិយាយថា ដោយការព្រមព្រៀង ទៅវិញទៅមករវាងចៅក្រម ស៊ើបអង្កេតបារាំង និងលីបង់ក៏ដូចជាមេធាវី ការពារក្តីត្រូវបានគេសម្រេច ចិត្តពន្យារពេល ការមកដល់នៃចៅក្រមបារាំង នៅថ្ងៃក្រោយ។ លោក Tamalet បានបន្តថា ការបិទរយៈពេល ១១ ថ្ងៃយ៉ាងតឹងរ៉ឹង ដែលនឹងចូលជាធរមាន នៅក្នុងប្រទេសលីបង់នៅថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី ២៥ ខែមករាបានជំរុញឲ្យមានការផ្លាស់ប្តូរ។ រដ្ឋាភិបាលបានប្រកាសពីវិធានការណ៍រឹតបន្តឹង រួមទាំងបម្រាមគោចរ រយៈពេល ២៤ ម៉ោងនៅថ្ងៃច័ន្ទ បន្ទាប់ពីប្រទេសលីបង់ បានកត់ត្រានូវការឆ្លងរាលដាល ដល់ទៅ៧០ភាគរយ កាលពីសប្តាហ៍មុន។

យោងតាមប្រភពបានដឹង ពីបញ្ហានេះថា លោក Ghosn ដែលមានសញ្ជាតិលីបង់ បារាំង និងប្រេស៊ីលត្រូវបានគេសន្មត់ថា នឹងជួបជាមួយអ្នកស៊ើបអង្កេត តុលាការបារាំងនៅទីក្រុង Beirut ចាប់ពីថ្ងៃទី ១៨-២២ ខែមករា ។ ប្រភពដដែលបានបន្តថា ក្រុមអ្នកស៊ើបអង្កេតធ្វើការជា មួយការិយាល័យកណ្តាល របស់ប្រទេសបារាំងដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ និងបទល្មើសហិរញ្ញវត្ថុ និងពន្ធ ។ ប្រភពដដែលបានបន្ថែម ដោយមិនបានផ្តល់ព័ត៌មាន អិលម្អិតបន្ថែមថា ពួកគេកំពុងស្វែងរកការសាកសួរ ខាងយុត្តិធម៌ចំនួន២ បានដាក់ប្រឆាំងនឹងលោក Ghosn នៅប្រទេសបារាំង ។

លោក Ghosn ជាអតីតប្រធានក្រុមហ៊ុន Nissan ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសជប៉ុនកាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ពីបទចោទប្រកាន់មិនត្រឹមត្រូវ ខាងហិរញ្ញវត្ថុ និងចំណាយពេល ១៣០ ថ្ងៃក្នុងការឃុំខ្លួនមុនពេលគាត់ បាននៅក្រៅឃុំនិងរត់ពន្ធខ្លួន ពីប្រទេសនៅចុងឆ្នាំ ២០១៩ ។ ប្រឈមនឹងដីកាចាប់ខ្លួន ប៉ូលីសអន្តរជាតិ លោក Ghosn នៅតែជាប់នៅក្នុងប្រទេសលីបង់ យ៉ាងមានប្រសិទ្ធិភាព បើទោះបីជាអ្នកផ្សេងទៀត ប្រឈមមុខនឹងតុលាការទាក់ទង នឹងរឿងក្តីរបស់លោកក៏ដោយ៕ ដោយ៖លី ភីលីព

Most Popular

To Top