តូក្យូ៖ប៉ូលីស បាននិយាយថា អតីតបុគ្គលិករបស់ក្រុមហ៊ុន SoftBank Corp ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ពីបទទទួលយកព័ត៌មាន ដោយខុសច្បាប់ពីក្រុមហ៊ុនWireless របស់ប្រទេសជប៉ុនលើបច្ចេកវិទ្យា 5G ជ្រុលមុនពេលផ្លាស់ទៅក្រុមហ៊ុនគូ ប្រជែងតូចមួយយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
ការចាប់ខ្លួនលោក Kuniaki Aiba នាបច្ចុប្បន្ន ធ្វើការឲ្យប្រតិបត្តិករ Wireless Rakuten Mobile Inc បានកើតឡើងចំពេល មានការប្រកួតប្រជែង កាន់តែខ្លាំងឡើង ក្នុងចំណោមក្រុមហ៊ុនទូរស័ព្ទ ចល័តនៅក្នុងប្រទេស ជប៉ុន ដោយសារតែសម្ពាធរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយថ្លៃសេវាជាវ ។ ក្រុមហ៊ុនទូរស័ព្ទចល័តធំ ៗ ចំនួន ៣ របស់ជប៉ុនគឺក្រុមហ៊ុន SoftBank, NTT Docomo និងក្រុមហ៊ុន KDDI បានបើកដំណើរការសេវា 5G អាចបញ្ជូនភាពយន្ដ និងទិន្នន័យ សមត្ថភាពធំ ៗ ក្នុងល្បឿនលឿនជាងប្រព័ន្ធ 4G ក្នុងខែមីនាឆ្នាំមុន Rakuten Mobile បានចូលរួមក្នុងការប្រណាំង នៅខែកញ្ញាហើយនៅតែស្ថិតនៅ ពីក្រោយគូប្រជែងធំៗ របស់ខ្លួន។
បើយោងតាមប៉ូលីសទីក្រុងតូក្យូថា លោក Aiba មានអាយុ ៤៥ ឆ្នាំត្រូវបានគេសង្ស័យថា បានផ្ទេរអាថ៌កំបាំង ពាណិជ្ជកម្មពីក្រុមហ៊ុន SoftBank តាមរយៈការផ្ញើអ៊ីម៉ែលព័ត៌មាន អំពីបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនទៅក្នុងគណនី ផ្ទាល់ខ្លួនរបស់ លោកនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ នៅពេលលោកកំពុងធ្វើការ នៅក្រុមហ៊ុនដោយរំលោភ លើច្បាប់ការពារការប្រកួត ប្រជែងដោយអយុត្តិធម៌ របស់ប្រទេសជប៉ុន ។
បើយោងតាមប្រភពស៊ើបអង្កេតថា មិនយូរប៉ុន្មានលោក បានចាកចេញពីក្រុមហ៊ុន SoftBank ហើយបានចូលរួមជាមួយអង្គភាព អាជីវកម្មចល័តរបស់ក្រុមហ៊ុន យក្សអេឡិចត្រូនិច Rakuten Inc., ។ ក្រុមហ៊ុន SoftBank បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា អតីតបុគ្គលិករូបនេះ បានចូលរួមក្នុងការកសាងបណ្តាញ និងបានទទួលព័ត៌មាន នៅស្ថានីយ៍មូលដ្ឋាន 4G និង 5G ក៏ដូចជាបណ្តាញទំនាក់ទំនង របស់ក្រុមហ៊ុន SoftBank ៕ដោយ៖លី ភីលីព