អាមរិក៖ បណ្តាញផ្សព្វផ្សាយសង្គមយក្ស សហរដ្ឋអាមរិក Twitter បានផ្អាកគណនីចំនួន ៧០០០០ គណនីដែលពាក់ព័ន្ធ នឹងចលនាឃុបឃិតស្តាំនិយម QAnon ដោយសារអំពើហិង្សានៅកាពីតូលអាមេរិក កាលពីសប្តាហ៍មុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិយាយថា ខ្លួនបានចាប់ផ្តើមលុបគណនីជាអចិន្ត្រៃយ៍ ដែលបានចែករម្លែកមាតិកា QAnon បន្ទាប់ពីមានកុប្បកម្ម នៅវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃពុធ។ វាបានរកឃើញករណីជាច្រើន ដែលមនុស្សម្នាក់ កំពុងប្រតិបត្តិការគណនីច្រើន ក្នុងគោលបំណងដើម្បីចែករម្លែក មាតិកាទាក់ទងនឹង QAnon មានគ្រោះថ្នាក់ និងផ្សព្វផ្សាយទ្រឹស្តីក្បត់នេះ តាមរយៈបណ្តាញសង្គម Twitter ។
អ្នកនាំពាក្យម្នាក់បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃសុក្រគណនីជាង ៧០០០០ ត្រូវបានផ្អាក ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ដោយមានករណីជាច្រើននៃគណនីតែមួយ មានប្រតិបត្តិការជាច្រើន ។ QAnon គឺជាចលនាឃុបឃិតស្តាំនិយម ដែលអះអាងថា លោកប្រធានាធិបតីDonald Trump កំពុងប្រយុទ្ធប្រឆាំង នឹងក្រុមរំលោភបំពានផ្លូវភេទ លើពិភពលោក ដែលរួមមានសមាជិក នៃគណបក្សប្រជាធិបតេយ្យអាមេរិក៕ ដោយ៖លី ភីលីព


