បរទេស៖ ប៉ូលីស នៃអង្គភាពប្រឆាំង ការជួញដូរមនុស្ស ហៅកាត់ថា ATPD នៅថ្ងៃពុធបានចាប់ខ្លួន បុរសពីរនាក់ ពីបទលួងលោមស្ត្រីថៃ អោយធ្វើពេស្យាចារ ដោយបង្ខំនៅក្នុងប្រទេសប្រ៊ុយណេ ។ មេបញ្ជាការ ATPD លោកឧត្តមសេនីយ៍ Siam Boonsom បាននិយាយថា លោក Rachen Sooksorn អាយុ ៤៩ ឆ្នាំត្រូវបានចាប់ខ្លួននៅតំបន់ Wiang Nuea នៃស្រុក Wiang Chai ក្នុងខេត្តឈៀងរ៉ៃ និងលោក Somchai Sukson អាយុ ៥៥ ឆ្នាំត្រូវបានចាប់ខ្លួននៅ Klang Wiang នៃស្រុក Wiang Sa ខេត្ត Nan ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសបានចោទប្រកាន់ពួកគេពីបទជួញដូរស្ត្រីអោយធ្វើពេស្យាចារដោយបង្ខំ។ ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីស្ត្រីជនជាតិថៃ ២ នាក់ដែលបានភៀសខ្លួនទៅកាន់ស្ថានទូតថៃប្រចាំនៅប្រទេសប្រ៊ុយណេកាលពីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៩ ។
ស្ត្រីទាំងនោះបានប្រាប់ប៉ូលីសថា ក្រុមរបស់លោក Rachen បានផ្តល់ការងារជាអ្នក ម៉ាស្សា នៅប្រទេសប្រ៊ុយណេ ដោយទទួលបានប្រាក់ខែចំនួនពី ១០០ ០០០បាត ទៅ ២០០ ០០០ បាតក្នុងមួយខែ ដោយនិយាយថា ពួកគេនឹងមានអាហារនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ហើយមិនចាំបាច់បង់ប្រាក់សម្រាប់ការរកការងារធ្វើឡើយ៕
ប្រែសម្រួលៈ ណៃ តុលា