បរទេស៖ ប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី លោក Kirill Dmitriev បានប្រាប់រ៉យទ័រថា ប្រទេសរុស្ស៊ីនឹងបញ្ជូនវ៉ាក់សាំង ការពារមេរោគកូវីដ១៩ Sputnik V របស់ខ្លួនសម្រាប់ប្រទេសនៅអឺរ៉ុប នៅខែក្រោយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Dmitriev បាននិយាយនៅក្នុងបទសម្ភាសន៍របស់ Reuters Next ថា «យើងនឹងមានការពិភាក្សាមួយចំនួន គឺនៅថ្ងៃទី ១៩ ខែមករា ហើយយើងនឹងឆ្លងកាត់ដំណើរការទាំងអស់ ដោយបញ្ជូនឯកសារទាំងអស់ទៅ EMA ដែលជាទីភ្នាក់ងារឱសថអឺរ៉ុបនៅខែកុម្ភៈឆ្នាំនេះ, យើងនឹងចែករំលែកទិន្នន័យទាំងអស់»។
យោងទៅតាមលោក Dmitriev វ៉ាក់សាំងនេះនឹងត្រូវចុះបញ្ជី នៅក្នុងប្រទេសចំនួន ៩ ផ្សេងទៀតនៅក្នុងខែនេះ ហើយនឹងត្រូវបានផលិតនៅក្នុងប្រទេសចំនួន ៧ ។ លោកប៉ាន់ស្មានថា មូលនិធិនេះនឹងរៀបចំកិច្ចព្រមព្រៀងនាំចេញជាមួយភាគីដែលចាប់អារម្មណ៍ក្នុងរយៈពេល ៦ ទៅ ៩ ខែទៀតហើយរំពឹងថាវ៉ាក់សាំងនេះ នឹងមានចំណែកទីផ្សារប្រហែល ២៥ ភាគរយនៃចំណែកទីផ្សារពិភពលោក។
លោកបានបញ្ជាក់ថា ៩៥ ភាគរយនៃកិច្ចព្រមព្រៀងនាំចេញ Sputnik V នឹងត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផលិតនៅខាងក្រៅប្រទេសរុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា