បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានបញ្ជាក់សេចក្តីប្រកាសរួមគ្នា មួយនៅថ្ងៃអង្គារសប្ដាហ៍នេះ សម្រាប់ការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះឆ្នាំ២០២១ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះអង់គ្លេស HMS Queen Elizabeth។
ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក Christopher Miller និងរដ្ឋមន្ត្រីការពារជាតិ អង់គ្លេស Ben Wallace សេចក្តីប្រកាសរួមគ្នានោះ នឹងធ្វើឲ្យអាចដាក់ពង្រាយប្រើប្រាស់ឧបករណ៍ និងបុគ្គលិកកងទ័ពជើងទឹក និងកងកម្លាំងម៉ារីនអាមេរិក ជាផ្នែកនៃការដាក់ពង្រាយប្រតិបត្តិការ នៃក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ការដាក់ពង្រាយនោះ នឹងរួមបញ្ចូលការភ្ជាប់ ទៅជាមួយនូវយន្តហោះចម្បាំង បំបាំងកាយ F-35 Lightning II របស់កងកម្លាំងម៉ារីនអាមេរិក និងនាវាពិឃាត USS The Sullivans របស់ទ័ពជើងទឹកអាមេរិកផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង


