បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ណែនាំទីភ្នាក់ងារសហរដ្ឋអាមេរិកនានា ឲ្យធ្វើការវាយតម្លៃហានិភ័យ សន្តិសុខណាមួយ បណ្ដាលមកពីកូនដ្រូន ផលិតដោយចិន ដែលស្ថិតនៅក្នុងកងដ្រូន រដ្ឋាភិបាលអាមេរិក និងផ្តល់អាទិភាពដកពួកវាចេញវិញ។
តាមសេចក្តីរាយការណ៍ លោក ត្រាំ បានណែនាំទីភ្នាក់ងារសហរដ្ឋអាមេរិក ទាំងអស់ ធ្វើការគូសបង្ហាញនូវហានិភ័យសន្តិសុខ ដែលធ្វើឲ្យប៉ះពាល់ដល់កងកូនដ្រូន រដ្ឋាភិបាលដែលមានស្រាប់ បណ្ដាលមកពីកូនដ្រូន ដែលផលិតដោយក្រុមហ៊ុនចិន ឬក៏ដោយប្រទេសដទៃផ្សេងទៀត ដែលត្រូវចាត់ទុកថា ជាបច្ចាមិត្ត រួមមានប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង។
ក្រៅពីនោះ បទបញ្ជាលោក ត្រាំ នេះ ក៏ណែនាំឲ្យទីភ្នាក់ងារនានា គូសបង្ហាញពីវិធានការដ៏មាន សក្តានុពល ដែលអាចប្រើបំបាត់ហានិភ័យទាំងនេះ ដែលប្រសិនបើត្រូវបានធានានោះ គឺមានរួមបញ្ចូលទាំងការបញ្ឈប់ការ ប្រើប្រាស់កូនដ្រូនទាំងអស់ និងពន្លឿនការដកពួកកូនដ្រូន ទាំងនោះចេញពីសេវាកម្មសហព័ន្ធ៕
ប្រែសម្រួល៖ប៉ាង កុង


