បរទេស៖ តុលាការព្រហ្មទណ្ឌប្រទេសថៃ បានផ្តន្ទាទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគាររហូតដល់ ៨៧ ឆ្នាំពីបទចែករំលែកឃ្លីបដែលត្រូវបានគេចាត់ទុកថាជាការប្រមាថដល់រាជានិយម ដែលនេះបានបង្កើតកំណត់ត្រាថ្មីចំពោះការដាក់ពន្ធនាគារលើបទបរិហារកេរ្តិ៍រាជានិយម។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់តាំងពីនាងបានសារភាពក្នុងពេលជំនុំជម្រះ គឺតុលាការបានកាត់បន្ថយទោសមកត្រឹម ៤៣ ឆ្នាំនិង ៦ ខែ។ មុននេះលោកស្រី ត្រូវបានឃុំខ្លួនអស់រយៈពេល ៣ ឆ្នាំ ៩ ខែក្នុងអំឡុងពេលនៃការស៊ើបអង្កេតមុនពេលត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំនៅឆ្នាំ ២០១៨ ។
Bangkok Post ផ្សាយទៀតថា ដូច្នេះរយៈពេលនោះនឹងត្រូវដកពីការកាត់ទោសនៅពេលដែលរឿងក្តីត្រូវបានបិទ។ រហូតមកដល់ពេលនេះករណីប្រមាថព្រះមហាក្សត្រដែលមានទោសជាប់ពន្ធនាគារធ្ងន់ធ្ងរបំផុតត្រូវបានតុលាការយោធាសម្រេចដាក់ទៅលើបុរសម្នាក់ ពីបទបង្ហោះសារនិងរូបភាពចំនួន ១០ លើកក្នុងឆ្នាំ ២០១៥ ។ ក្រោយមក បុរសរូបនោះ ក៏បានសារភាព ហើយក៏ត្រូវកាត់បន្ថយទោសពាក់កណ្តាល៕