បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននៅតែប្តេជ្ញា ធ្វើការបន្តសន្ធិសញ្ញា គ្រប់គ្រងអាវុធនុយក្លេអ៊ែ New START ជាមួយសហរដ្ឋអាមេរិក ហើយនឹងស្វាគមន៍កិច្ចប្រឹងប្រែង ដែលរដ្ឋបាល របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ថានឹងធ្វើកិច្ចព្រមព្រៀង។
នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ប្រទេសរុស្ស៊ីនិងលោកប្រធានាធិបតី ពេញចិត្តរក្សាកិច្ចព្រមព្រៀងនេះ ហើយប្រសិនបើ សហសេវិកអាមេរិករបស់យើង នឹងពិតជាបង្ហាញ នូវឆន្ទៈនយោបាយ ធ្វើការរក្សាកិច្ចព្រមព្រៀងនេះ តាមរយៈការបន្តវាទៀតមែននោះ នេះពិតជាអាចទទួលបានការស្វាគមន៍”។
គួរបញ្ជាក់ថា សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ ហៅកាត់ថា New START ដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១០ និងផុតកំណត់ក្នុងខែកុម្ភៈនោះ បានកម្រិត ចំនួនក្បាលគ្រាប់នុយក្លេអ៊ែយុទ្ធសាស្ត្រ មីស៊ីល និងយន្តហោះទម្លាក់គ្រាប់ ដែលរុស្ស៊ីនិងអាមេរិក អាចដាក់ប្រើប្រាស់បាន៕ ប្រែសម្រួល៖ប៉ាង កុង