ព័ត៌មានអន្តរជាតិ

ស៊ីរី ទាមទារឲ្យអាមេរិក ដកកងទ័ពចេញេជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ពីបទលួចជាប្រព័ន្ធនូវធនធានប្រេងរបស់ខ្លួន

ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី នៅថ្ងៃពុធម្សិលមិញនេះ បានទាមទារឱ្យមានការដកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវកងកម្លាំងសហរដ្ឋអាមេរិក ពីប្រទេសស៊ីរី នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានថ្កោលទោស ចំពោះអ្វីដែលខ្លួនហៅថា ការអនុវត្តន៍អរិភាព របស់កងកម្លាំងសហរដ្ឋអាមេរិក នៅភាគឦសាននៃប្រទេសស៊ីរី។

ក្រសួងការបរទេសស៊ីរី បានចោទប្រកាន់កម្លាំងសហរដ្ឋអាមេរិកពីបទ“ លួចជាប្រព័ន្ធ” នៃធនធានប្រេង និងកសិកម្មនៅភាគខាងជើងប្រទេសស៊ីរី បន្ថែមលើការនាំកម្លាំងយោធា ទៅផ្នែកមួយនៃប្រទេសនេះ។

ក្រសួងបានចោទប្រកាន់ថា អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានធ្វើឱ្យអស្ថិរភាពក្នុងតំបន់ និងគាំទ្រចលនាបំបែកខ្លួន ក្នុងគោលបំណង ដើម្បីបែងចែកប្រទេសស៊ីរី និងរារាំងការឈានដល់ ដំណោះស្រាយនយោបាយ តាមរយៈការគាំទ្រក្រុមភេរវជន។

ទន្ទឹមនឹងនេះក្រសួងបានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ថ្កោលទោសចំពោះចលនា និងការកាន់កាប់របស់សហរដ្ឋអាមេរិក លើទឹកដីស៊ីរី និងបរិហារការដាក់ទណ្ឌកម្ម“ ដោយបង្ខំ និងឯកតោភាគី” លើប្រទេសស៊ីរី៕ ដោយ៖ឈូក បូរ៉ា

Most Popular

To Top