ព័ត៌មានអន្តរជាតិ

លោកមូន ជេអ៊ីន ប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរដ្ឋបាលលោក បៃដិន សម្រាប់ដំណើរការសន្តិភាពនៅកូរ៉េ

សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានសន្យានៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា នឹងរក្សាភាពជាដៃគូជិតស្និទ្ធ ជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដោយដឹកនាំកិច្ចប្រជុំពេញអង្គដ៏កម្រមួយ នៃក្រុមប្រឹក្សាសន្តិសុខជាតិ ប៉ុន្មានម៉ោង បន្ទាប់ពីការចូលកាន់តំណែងរបស់លោក ចូ បៃដិន។

លោកបានឲ្យដឹងនៅឯកា ចាប់ផ្តើមនៃសម័យប្រជុំនៅការិយាល័យ Cheong Wa Dae ដែលថា“ រដ្ឋាភិបាលនឹងអភិវឌ្ឍសម្ព័ន្ធមិត្តកូរ៉េខាងត្បូង – សហរដ្ឋអាមេរិក ជាសម្ព័ន្ធមួយ ដែលមានលក្ខណៈទូលំទូលាយ និងមានអត្ថប្រយោជន៍ទៅវិញទៅមក” ។

លោកមូន ក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលរបស់លោក នឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីចាប់ផ្តើមការសន្ទនា និងកិច្ចសហប្រតិបត្តិការឡើងវិញ ជាមួយប្រទេសកូរ៉េខាងជើង។

លោកបានសង្កត់ធ្ងន់ថា ដំណើរការសន្តិភាព គឺជាកត្តាចាំបាច់មិនមែនជាជម្រើសទេ ហើយបានអំពាវនាវ ឱ្យក្រុមសន្តិសុខជាតិរបស់លោក ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ចប់ភាពជាប់គាំងជាយូរមកហើយ នៅក្នុងកិច្ចពិភាក្សាក្រុងវ៉ាស៊ីនតោន – ព្យុងយ៉ាង និងកិច្ចពិភាក្សាអន្តរកូរ៉េ នៅកាលបរិច្ឆេទដំបូង៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top