បរទេស៖កងកម្លាំងទ័ពជើងអាកាសរបស់ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សម្រាប់ជាលើកដំបូង យន្តហោះទម្លាក់គ្រាប់ផ្សេងគ្នាចំនួន៣គ្រឿង នឹងធ្វើការសម្តែងការហោះហើរពីលើ នៅក្នុងព្រឹត្តិការណ៍ Super Bowl ឆ្នាំនេះ នាថ្ងៃទី០៧ ខែកុម្ភៈ។
យន្តហោះទម្លាក់គ្រាប់ B-1B Lancer មកពីមូលដ្ឋានទ័ពអាកាស Ellsworth រដ្ឋដាកូតាខាងត្បូង យន្តហោះទម្លាក់គ្រាប់ B-2 Spirit មកពីមូលដ្ឋានទ័ពអាកាស Whiteman រដ្ឋមីសសួរី និងយន្តហោះទម្លាក់គ្រាប់ B-52 Stratofortress មកពីមូលដ្ឋានទ័ពអាកាស Minot រដ្ឋដាកូតាខាងជើង នឹងចូលរួមព្រឹត្តិការណ៍ នៅពហុកីឡដ្ឋាន Raymond James ក្នុងទីក្រុង Tampa។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ Tim Ray ជាមេបញ្ជាការនៃទីបញ្ជាការវាយប្រហារសកល បានមានប្រសាសន៍ថា “ការគាំទ្រដល់ព្រឹត្តិការណ៍នេះ គឺជាកិត្តិយសដ៏មហិមា សម្រាប់ទីបញ្ជាការរបស់យើង និងកងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក”៕ប្រែសម្រួល៖ប៉ាង កុង