បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានធ្វើការអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាដំបូងរបស់ខ្លួន ចំពោះសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល ហើយនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែល ដើម្បីជំរុញសន្តិភាពក្នុងតំបន់។

នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Antony Blinken បានសម្តែងការសាទរចំពោះភាពវិវត្តទៅមុខថ្មីៗដែលបានបង្កើតឡើងជាមួយកិច្ចព្រមព្រៀង Abraham Accords និងបានធ្វើការអះអាងពីចំណាប់អារម្មណ៍សហរដ្ឋអាមេរិក ក្នុងការកសាងបន្ថែមទៀត លើការវិវត្តរីកចម្រើននោះ។
ក្រសួងការបរទេសអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “លោករដ្ឋមន្ត្រីការបរទេស Ashkenazi និងលោករដ្ឋមន្ត្រី Blinken បានសម្តែងការទទួលស្គាល់ពីភាពជាដៃគូមិនប្រែប្រួល រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល និងថា ប្រទេសទាំងពីរនឹងធ្វើការងារយ៉ាងជិតស្និទ្ធ លើភាពលំបាកនានានៅខាងមុខ”។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង Abraham Accords គឺជាកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិកមួយ ដើម្បីឲ្យមានភាពប្រក្រតីក្នុងចំណងមិត្តភាពការទូត រវាងប្រទេសអ៊ីស្រាអែលនិងបណ្ដាប្រទេសអារ៉ាប់និងមូស្លីម៕
ប្រែសម្រួល៖ប៉ាង កុង

