បរទេស៖រដ្ឋបាលលោក បៃដិន ជឿថា វាពិបាកដើម្បីឃើញផ្លូវឆ្ពោះទៅរកការដោះស្រាយ ដែលបានចរចាគ្នា ជាមួយពួកតាលីបង់ ប្រសិនបើពួកសកម្មប្រយុទ្ធ មិនបំពេញការប្តេជ្ញារបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០២០ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចំពោះកិច្ចខិតខំប្រឹងប្រែង។
មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ដោយពួកគេមិនបំពេញតាមការប្តេជ្ញារបស់ខ្លួន លះបង់ចោលអំពើភេរវកម្ម និងបញ្ឈប់ការវាយប្រហារដោយហិង្សា ទៅលើកងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថានទេនោះ វាពិបាកណាស់ ដើម្បីមើលឃើញផ្លូវជាក់លាក់ ឆ្ពោះទៅរកដំណោះស្រាយដែលបានចរចាគ្នា ប៉ុន្តែយើងនៅតែប្តេជ្ញាចំពោះរឿងនោះ”។
គណៈកម្មាធិការសិទ្ធិមនុស្សក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ការសម្លាប់ជនស៊ីវិលក្នុងជម្លោះនៅអាំហ្វហ្គានីស្ថាន បានកើនឡើងដល់ទៅជាង២.៩០០នាក់ នៅឆ្នាំមិញនេះ បើទោះជាមានការបង្កើនកិច្ចការការទូត ដើម្បីបញ្ចប់សង្គ្រាម ដែលរួមមានទាំងកិច្ចពិភាក្សាសន្តិភាពធ្វើឡើងនៅក្នុងប្រទេសកាតាក៏ដោយ។
ការស្លាប់ទាំងនោះ គឺជាផ្នែកនៃការកើនឡើងកាន់តែធំ ក្នុងអំពើហិង្សា ដែលគម្រាមកំហែងដល់ដំណើរការសន្តិភាព ធ្វើឲ្យប៉ះពាល់ដល់សំណើអន្តរជាតិសុំឲ្យមានបទឈប់បាញ់គ្នា ស្របពេលដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយពួកតាលីបង់៕