ន័រវែស៖ អង្គការឃ្លាំមើល ឯកជនភាពរបស់ន័រវែស បានប្រកាសថា បណ្តាញផ្សព្វផ្សាយសង្គម Grindr កំពុងប្រឈមនឹងការពិន័យ ១១,៧ លានផោន (៨,៦ លានដុល្លារ) សម្រាប់ការគ្រប់គ្រងទិន្នន័យ អ្នកប្រើប្រាស់ផ្ទាល់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
អាជ្ញាធរការពារទិន្នន័យ របស់ប្រទេស (DPA) បាននិយាយថា ខ្លួនបានជូនដំណឹង អំពីកម្មវិធីណាត់ជួបភេទទី ៣ “gay dating app” នៃសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ដើម្បីចេញការពិន័យដែលស្មើនឹង១០ ភាគរយ នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន។ ក្រុមអ្នកឃ្លាំមើលបាននិយាយថា ការស្នើសុំពិន័យរបស់ខ្លួនធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹង ដែលព័ត៌មានផ្ទាល់ខ្លួន ត្រូវបានចែកចាយជាមួយ អ្នកផ្សាយពាណិជ្ជកម្ម សម្រាប់គោលបំណងទីផ្សារ ដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់។
ក្រុមប្រឹក្សាអ្នកប្រើប្រាស់ន័រវែស បានចោទប្រកាន់កាលពីឆ្នាំមុនថា ក្រុមហ៊ុន Grindr និងក្រុមហ៊ុនដៃគូចំនួន ៥ បានរំលោភច្បាប់ឯកជនភាព GDPR របស់សហភាពអ៊ឺរ៉ុប ដែលប្រទេសនេះ ត្រូវបានចងភ្ជាប់។ DPA បានបន្តថា ទិន្នន័យរួមមានទីតាំង GPS ព័ត៌មានប្រវត្តិរូបអ្នកប្រើប្រាស់ និងសូម្បីតែការពិត ដែលអ្នកប្រើប្រាស់នៅលើ Grindr អាចបង្ហាញពីទំនោរផ្លូវភេទរបស់ពួកគេ ហើយដូច្នេះ សមនឹងទទួលបានការការពារពិសេស។
អ្នកនាំពាក្យរបស់ Grindr ប្រចាំប្រទេសន័រវែស បានប្រាប់ទូរទស្សន៍ក្នុងស្រុក NRK ថា ក្រុមហ៊ុនទន្ទឹងរង់ចាំការសន្ទនា ជាមួយអាជ្ញាធរ ប៉ុន្តែមិនមានប្រតិកម្មអ្វីឡើយ។ យោងតាមច្បាប់របស់ប្រទេសនេះ Grindr មានពេលរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ ដើម្បីផ្តល់ការឆ្លើយតបជាផ្លូវការ ចំពោះការរកឃើញ មុនការសម្រេចចិត្តបទប្បញ្ញត្តិចុងក្រោយ៕ ដោយ៖លី ភីលីព