ព័ត៌មានអន្តរជាតិ

ប្រេសិតហ្វីលីពីន៖ អាមេរិកសន្យាជួយក្រុងម៉ានីល តាមដានការវាយប្រហារ ដោយអាវុធនៅ សមុទ្រចិនខាងត្បូង

បរទេស៖ ទឹកដីនៅសមុទ្រចិនខាងត្បូង ត្រូវបានទាមទារដោយប្រទេស ជាច្រើនរួមមានចិន ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះ តៃវ៉ាន់ និង ប្រទេសវៀតណាម។ សហរដ្ឋអាមេរិកគ្មានការទាមទារ ណាមួយចំពោះតំបន់នោះទេ ប៉ុន្តែអាមេរិកតែងតែបញ្ជូននាវាចម្បាំង របស់ខ្លួនទៅកាន់តំបន់នេះ សម្រាប់បេសកកម្ម ដែលគេហៅថា“ សេរីភាពក្នុងការធ្វើដំណើរ” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Jose Manuel Romualdez ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅអាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់ប្រធានាធិបតី អាមេរិក Joe Biden បានសន្យាថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងជួយដល់រដ្ឋាភិបាលទីក្រុងម៉ានីល ក្នុងករណីមានការវាយប្រហារ ដោយអាវុធនៅសមុទ្រចិនខាងត្បូង។

លោក Romualdez បានបន្ថែមថា រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិកលោក Antony Blinken បានប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេស ហ្វីលីពីន Teodoro Locsin តាមទូរស័ព្ទនាពេលថ្មីៗនេះថា សន្ធិសញ្ញាការពារគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរឆ្នាំ ១៩៥១ នឹងអនុវត្ត ចំពោះការវាយប្រហារប្រដាប់ អាវុធប្រឆាំងនឹងប្រទេសហ្វីលីពីន។

ការលើកឡើងរបស់ប្រេសិតរូបនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីក្រសួងការបរទេស សហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃពុធបាននិយាយថា លោក Blinken បាននិយាយជាមួយ Locsin អំពីការអនុវត្តសន្ធិសញ្ញានេះ “ចំពោះការវាយប្រហារប្រដាប់អាវុធប្រឆាំង នឹងកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាសាធារណៈ ឬយន្តហោះនៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិកដែលរួមមាន សមុទ្រចិនខាងត្បូង” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top